ការយល់ដឹងអំពីអគ្គិសនីបានចាប់ផ្តើមតាំងពីបុរាណកាលមកម្ល៉េះ ដោយទស្សនវិទូក្រិកបុរាណ Thales នៃ Miletus (ប្រហែល ៦០០ឆ្នាំមុនគ.ស.) បានកត់សម្គាល់ថា រោមចៀមដែលត្រដុសជាមួយ Amber (ជ័រដើមឈើដែលក្លាយជាថ្ម) អាចទាញវត្ថុស្រាលៗបាន។ នេះគឺជាការសង្កេតដំបូងគេនៃអគ្គិសនីស្តាទិច (Static Electricity)។
ការរីកចម្រើនគួរឱ្យកត់សម្គាល់បានកើតឡើងនៅសតវត្សរ៍ទី ១៧ និង១៨ៈ
- ឆ្នាំ១៦០០: លោក William Gilbert បានបង្កើតពាក្យ "electricus" (អេឡិចត្រូនិក) ដែលបានមកពីភាសាក្រិក "elektron" (Amber)។ គាត់ក៏បានបង្ហាញថា មានវត្ថុជាច្រើនទៀតក្រៅពី Amber ដែលអាចបង្កើតអគ្គិសនីស្តាទិច។
- ឆ្នាំ១៧៥២: លោក Benjamin Franklin បានធ្វើពិសោធន៍ខ្លែងដ៏ល្បីល្បាញរបស់គាត់ដែលបានបង្ហាញថា រន្ទះគឺជាបាតុភូតអគ្គិសនី។ គាត់ក៏បានបង្កើតឧបករណ៍ការពាររន្ទះផងដែរ។
- ឆ្នាំ១៨០០: លោក Alessandro Volta បានបង្កើតថ្មគីមីដំបូងគឺ Voltaic Pile ដែលសម្គាល់ការចាប់ផ្តើមនៃការផ្ទុក និងការបង្កើតថាមពលអគ្គិសនី។
សតវត្សរ៍ទី១៩ គឺជាយុគសម័យនៃការយល់ដឹងស៊ីជម្រៅអំពីអគ្គិសនី និងម៉ាញេទិច៖
- ឆ្នាំ១៨២០: លោក Hans Christian Ørsted បានរកឃើញថា ចរន្តអគ្គិសនីអាចបង្កើតដែនម៉ាញ៉េទិចបាន។
- ឆ្នាំ១៨២១: លោក Michael Faraday បានបង្កើតម៉ូទ័រអគ្គិសនីដំបូងគេ និងបានរកឃើញបាតុភូតអាំងឌុចស្យុងអេឡិចត្រូម៉ាញ៉េទិច (Electromagnetic Induction) ដែលជាមូលដ្ឋានគ្រឹះនៃម៉ាស៊ីនភ្លើង។
អំឡុងទសវត្សរ៍ឆ្នាំ ១៨២០ៈ លោក André-Marie Ampère និងលោក Georg Ohm បានរួមចំណែកច្បាប់ជាមូលដ្ឋាននៃចរន្ត និងរេស៊ីស្តង់
- លោក André-Marie Ampère បានរួមចំណែកសំខាន់ៗទៅលើ អេឡិចត្រូម៉ាញេទិច ដោយបានបង្កើតច្បាប់ដែលពិពណ៌នាអំពីទំនាក់ទំនងរវាងចរន្តអគ្គិសនី និងដែនម៉ាញេទិច។ ការងាររបស់គាត់បានធ្វើឡើងជាពិសេសនៅចន្លោះឆ្នាំ ១៨២០ ដល់ ១៨២៦។ ឯកតាអន្តរជាតិនៃចរន្តអគ្គិសនីគឺ អំពែរ (Ampere) ត្រូវបានដាក់ឈ្មោះតាមលោក ដើម្បីជាកិត្តិយសដល់ការរួមចំណែករបស់គាត់។
- លោក Georg Ohm បានបោះពុម្ពផ្សាយច្បាប់ដ៏ល្បីល្បាញរបស់គាត់ដែលភ្ជាប់សក្តានុពលអគ្គិសនី (វ៉ុល) រេស៊ីស្តង់ (Resistance) និងចរន្ត (Current) ក្នុងឆ្នាំ ១៨២៧ នៅក្នុងសៀវភៅរបស់គាត់ដែលមានចំណងជើងថា "The Galvanic Circuit Investigated Mathematically"។ ច្បាប់នេះត្រូវបានគេស្គាល់ថាជា ច្បាប់អូម (Ohm's Law) ហើយឯកតាអន្តរជាតិនៃរេស៊ីស្តង់គឺ អូម (Ohm) ត្រូវបានដាក់ឈ្មោះតាមលោក។
- ឆ្នាំ១៨៣៧: លោក Samuel Morse បានបង្កើតទូរលេខអគ្គិសនី ដែលជាឧបករណ៍ទំនាក់ទំនងដំបូងគេដោយប្រើរលកសញ្ញាអគ្គិសនីបញ្ជូនពីចម្ងាយ។ Morse Code បានអនុញ្ញាតឱ្យសារត្រូវបានផ្ញើយ៉ាងឆាប់រហ័ស និងមានប្រសិទ្ធភាព។
- ឆ្នាំ១៨៧៣: លោក James Clerk Maxwell បានបង្រួបបង្រួមទ្រឹស្តីអគ្គិសនី និងម៉ាញេទិចទៅជាទ្រឹស្តីអេឡិចត្រូម៉ាញ៉េទិចតែមួយ ដែលបានទស្សន៍ទាយពីអត្ថិភាពនៃរលកអេឡិចត្រូម៉ាញ៉េទិច (ដូចជារលកវិទ្យុ)។
- ឆ្នាំ១៨៧៦: លោក អាឡិចសាន់ឌឺ ហ្គ្រេហាំ ប៊ែល (Alexander Graham Bell) បានបង្កើតទូរស័ព្ទបំប្លែងទំនាក់ទំនងផ្លូវឆ្ងាយដោយការបញ្ជូនសំឡេង (Alexander_Graham_Bell_speaking.ogg) តាមរលកសញ្ញាអគ្គិសនី។
- ឆ្នាំ១៨៧៨: លោក Thomas Edison បានបង្កើតអំពូលភ្លើងដែលអាចប្រើប្រាស់បានយូរអង្វែង ដែលបាននាំឱ្យមានការរីកចម្រើននៃការប្រើប្រាស់អគ្គិសនីក្នុងជីវភាពប្រចាំថ្ងៃ។
- ការរកឃើញអេឡិចត្រុងនៅឆ្នាំ១៨៩៧ ដោយលោក Joseph John Thoms គឺជាចំណុចរបត់មួយដ៏សំខាន់។ វាបានបើកទ្វារដល់ការសិក្សាអំពីលំហូរអេឡិចត្រុងដែលជាបេះដូងនៃអេឡិចត្រូនិក។
- ឆ្នាំ១៩០៤: លោក John Ambrose Fleming បានបង្កើតឌីយ៉ូតបំពង់សុញ្ញាកាស (Vacuum tube diode) ដែលប្រើសម្រាប់កែតម្រូវចរន្តឆ្លាស់ទៅជាចរន្តជាប់ ដែលជាដំណាក់កាលដ៏សំខាន់ក្នុងដំណើរការនៃបំលែងរលកសញ្ញាអគ្គិសនី (ស៊ីញ្ញាល់)។
- ឆ្នាំ១៩០៦: លោក Lee De Forest បានបង្កើតទ្រីយ៉ូតបំពង់សុញ្ញាកាស (Vacuum tube triode) ដែលអាចពង្រីកស៊ីញ្ញាល់អគ្គិសនី។ របកគំហើញនេះបាននាំឱ្យមានការអភិវឌ្ឍន៍បច្ចេកវិទ្យាវិទ្យុ ការផ្សាយ និងមូលដ្ឋានគ្រឹះដំបូងនៃកុំព្យូទ័រ។
បំពង់សុញ្ញាកាសទាំងនេះត្រូវបានប្រើប្រាស់ជាឧបករណ៍ពង្រីក (Amplifiers) និងកុងតាក់ (Switches) នៅក្នុងវិទ្យុ ទូរទស្សន៍ និងកុំព្យូទ័រជំនាន់ដំបូង។
- ឆ្នាំ១៩២០: បំពង់សុញ្ញាកាសបានបើកដំណើរការក្នុងការបង្កើតវិទ្យុ AM ដែលអនុញ្ញាតឱ្យមានការបញ្ជូនសំឡេងទៅកាន់ទស្សនិកជន។ ទសវត្សរ៍នេះបានកត់សម្គាល់ការចាប់ផ្តើមនៃឧស្សាហកម្មវិទ្យុ។
- អំឡុងឆ្នាំ ១៩៣០-១៩៤០: បច្ចេកវិទ្យាទូរទស្សន៍បានលេចឡើង ដោយប្រើបំពង់កាំរស្មីកាតូត (cathode-ray tube /CRTs) ដើម្បីបង្ហាញរូបភាពដែលមានចលនា។ សង្គ្រាមលោកលើកទី ២ បានពន្លឿនវឌ្ឍនភាពនៃបច្ចេកវិទ្យារ៉ាដា និងវិទ្យុទំនាក់ទំនង។
- ឆ្នាំ១៩៤១: Konrad Zuse បានសាងសង់ Z3 ដែលជាកុំព្យូទ័រឌីជីថលដំបូងគេដែលអាចសរសេរកម្មវិធីបានដោយប្រើសៀគ្វីបញ្ជូនតអេឡិចត្រូមេកានិក ខណៈដែលឆ្នាំ ១៩៤៦ ENIAC បានក្លាយជាកុំព្យូទ័រអេឡិចត្រូនិកពេញលេញដំបូងគេ។
- ឆ្នាំ១៩៤៧ គឺជាព្រឹត្តិការណ៍ដ៏សំខាន់បំផុតក្នុងប្រវត្តិសាស្ត្រអេឡិចត្រូនិក គឺការរកឃើញត្រង់ស៊ីស្ទ័រ (Transistor) ដោយក្រុមអ្នកវិទ្យាសាស្ត្រនៅ Bell Labs រួមមានលោក John Bardeen, Walter Brattain, និង William Shockley។ ត្រង់ស៊ីស្ទ័រ គឺតូចជាងបំពង់សុញ្ញាកាស ប្រើប្រាស់ថាមពលតិច និងមានអាយុកាលវែងជាង មានប្រសិទ្ធភាពជាង និងអាចទុកចិត្តបានជាងបំពង់សុញ្ញាកាស។ ហើយត្រង់ស៊ីស្ទ័របានបំប្លែង និងអភិវឌ្ឍឧបករណ៍អេឡិចត្រូនិកយ៉ាងឆាប់រហ័ស។ ការរកឃើញនេះបាននាំឱ្យមានការបង្កើតសៀគ្វីរួមបញ្ចូលគ្នា (Integrated Circuits - ICs) ឬហៅថា "បន្ទះឈីប"។
- ឆ្នាំ១៩៥៨: Jack Kilby និង Robert Noyce នៅ Fairchild Semiconductor បានបង្កើតសៀគ្វីស្មគស្មាញ ដែលហៅកាត់ថា អ៊ីសេ (Integrated Circuits (IC)) ដោយឯករាជ្យ។ តាមរយៈការរួមបញ្ចូលត្រង់ស៊ីស្ទ័រច្រើននៅលើបន្ទះឈីបតែមួយ អ៊ីសេ (IC) ត្រូវបានអនុញ្ញាតសម្រាប់ការផលិតសៀគ្វីអេឡិចត្រូនិចខ្នាតតូច ដែលនាំទៅដល់មីក្រូអេឡិចត្រូនិចដំបូងគេ។
Jack St. Clair Kilby
០៨ វិច្ឆិកា ១៩២៣ ទីក្រុង Jefferson រដ្ឋ Missouri សហរដ្ឋអាមេរិក -២០ មិថុនា ២០០៥ 2005 ទីក្រុង Dallas រដ្ឋ Texas សហរដ្ឋអាមេរិក។
Robert Norton Noyce
១២ ធ្នូ ១៩២៧ ទីក្រុង Burlington រដ្ឋ Iowa សហរដ្ឋអាមេរិក - ០៣ មិថុនា ១៩៩០ អូស្ទីន រដ្ឋតិចសាស់ សហរដ្ឋអាមេរិក
- ច្បាប់ Moore's Law: លោក Gordon Moore (សហស្ថាបនិក Intel) បានទស្សន៍ទាយនៅឆ្នាំ ១៩៦៥ ថាចំនួនត្រង់ស៊ីស្ទ័រនៅលើបន្ទះឈីបនឹងកើនឡើងទ្វេដងរៀងរាល់ប្រហែលពីរឆ្នាំម្តង។ ច្បាប់នេះបានជំរុញការរីកចម្រើនឥតឈប់ឈរនៃថាមពលកុំព្យូទ័រ និងទំហំតូចនៃឧបករណ៍អេឡិចត្រូនិក។
- ការអភិវឌ្ឍន៍ មីក្រូប្រូសេសស័រ (Microprocessors), អង្គចងចាំ (Memory), និង បច្ចេកវិទ្យាទំនាក់ទំនង (Communication Technologies) បានធ្វើឱ្យមានការបង្កើតកុំព្យូទ័រផ្ទាល់ខ្លួន ទូរស័ព្ទដៃ អ៊ីនធឺណិត និងឧបករណ៍ឆ្លាតវៃជាច្រើនទៀតដែលយើងប្រើប្រាស់សព្វថ្ងៃ។
- ឆ្នាំ១៩៧១: Intel បានណែនាំ Microprocessor ដំបូងបង្អស់គឺ Intel 4004។ ជាមួយនឹងទំហំដំណើរការ 4-bit របស់វា វាគឺជា processor ដំបូងបង្អស់ដែលអាចសរសេរកម្មវិធីបាននៅលើបន្ទះឈីបតែមួយ ដែលធ្វើអោយមានបដិវត្តន៍កុំព្យូទ័រ។
- អំឡុងឆ្នាំ ១៩៧០-១៩៨០: ការអភិវឌ្ឍន៍កុំព្យូទ័រផ្ទាល់ខ្លួនដូចជា Apple II និង IBM PC បាននាំកុំព្យូទ័រចូលទៅក្នុងផ្ទះ និងការិយាល័យ។ ការប្រើប្រាស់ Microprocessors និង Memory ICs បានអនុញ្ញាតឱ្យកុំព្យូទ័រផ្ទាល់ខ្លួន មានសមត្តភាព និងមានតម្លៃសមរម្យ។
- ឆ្នាំ១៩៩០: World Wide Web ត្រូវបានបង្កើតឡើងដោយ Tim Berners-Lee ដែលបង្កើតយុគសម័យព័ត៌មាន។ បច្ចេកវិទ្យាអង្គធាតុពាក់កណ្តាលចំលង បានឈានមុខគេក្នុងការបង្កើតប្រព័ន្ធដំណើរការដ៏មានអានុភាពជាងមុន គាំទ្រដល់ការពង្រីកអ៊ីនធឺណិត។
- ឆ្នាំ២០០០: ទូរស័ព្ទចល័តបានផ្លាស់ប្តូរពីឧបករណ៍ទំនាក់ទំនងជាមូលដ្ឋានទៅទូរស័ព្ទឆ្លាតវ័យ ដោយក្រុមហ៊ុនដូចជា Apple និង Google បានបដិវត្តឧស្សាហកម្មដោយការរួមបញ្ចូលគ្នារវាងមុខងារកុំព្យូទ័រ អ៊ីនធឺណិត និងពហុព័ត៌មាន។
- ឆ្នាំ២០១០: Internet of Things (IoT) បានភ្ជាប់ឧបករណ៍ប្រចាំថ្ងៃទៅអ៊ីនធឺណិត ដែលធ្វើឱ្យបច្ចេកវិទ្យា "ឆ្លាតវៃ" ជាផ្នែកមួយនៃជីវិតប្រចាំថ្ងៃរបស់មនុស្ស។ Cloud computing និង AI ក៏លេចចេញមកដែរ ដែលដំណើរការដោយអង្គធាតុពាក់កណ្តាលចំលង រឹស៊ឺមីកុងឌុចទ័រ (Semiconductors) ទំនើប។
- បច្ចេកវិទ្យាដូចជា សរសៃអុបទិក (Optical Fiber) ក៏បានបដិវត្តន៍ការទំនាក់ទំនងទិន្នន័យចម្ងាយឆ្ងាយផងដែរ។
- បច្ចុប្បន្ន៖ ការស្រាវជ្រាវអេឡិចត្រូនិកឥឡូវនេះ បានស្វែងយល់ពីកុំព្យូទ័រ Quantum ដែលប្រើ Quantum bits ដើម្បីដោះស្រាយបញ្ហាស្មុគស្មាញ បានលឿនជាងកុំព្យូទ័របុរាណ។ កិច្ចខិតខំប្រឹងប្រែងក្នុងការអភិវឌ្ឍន៍គ្រឿងអេឡិចត្រូនិកដែលមានប្រសិទ្ធភាព សមត្តភាព និងប្រព័ន្ធដំណើរការ AI កម្រិតខ្ពស់ កំពុងតែបន្តជំរុញពង្រីកព្រំដែននៃវិស័យនេះឥតឈប់ឈរ។ ហើយសព្វថ្ងៃនេះ អេឡិចត្រូនិកបានក្លាយជាឆ្អឹងខ្នងនៃបច្ចេកវិទ្យាទាំងអស់នៅក្នុងជីវិតយើង ពីឧបករណ៍ប្រើប្រាស់ក្នុងផ្ទះរហូតដល់ប្រព័ន្ធស្មុគស្មាញក្នុងលំហអាកាស និងបញ្ញាសិប្បនិម្មិត។
រៀបរៀងដោយ: ថេត យ៉ាទិត្យ
គ្រូបង្រៀនអេឡិចត្រូនិក (Electronics Instructor)
រក្សាសិទ្ធិដោយៈ បាត់ដំបងបច្ចេកវិទ្យាវិទ្យាអេឡិចត្រូនិក
ចុះផ្សាយ: បាត់ដំបង, ២៧.០៦.២០២៥
បញ្ជាក់:
រាល់រូបភាពដែលបានដកស្រង់យកមកប្រើក្នុងអត្តបទនីមួយៗ តែងមានការបញ្ជាក់ពីប្រភពដើម (សូមចុចលើរូបភាពដើម្បីចូលមើល)។
All images used in this website are always credited to the source (please click on each image to see)។
បន្ទាប់ពីទស្សានាអត្តបទ មេរៀន រឺគម្រោងខាងលើនេះរួច សូមបញ្ជាក់ពីៈ ការពេញចិត្តរបស់អ្នក ដោយចុចលើសញ្ញា❤️ និង👍 និងផ្តល់ជាមតិយោបល់ ដើម្បីការអភិវឌ្ឍ។ សូមអរគុណ 🙏🙂