គ្រឿងបរិក្ខាអេឡិចត្រូនិកៈ Electronic Components
ប្រភពតង់ស្យុង: Voltage Source
ថ្មពិល រឺអាគុយៈ Battery
ឌីយ៉ូតពន្លឺៈ Light Emitting Diode (LED)
រេស៊ីស្តង់ៈ Resistor
ខ្សែភ្លើងៈ Wire
បន្ទះតសៀគ្វី រឺ បន្ទះសៀគ្វីពិសោធន៍ៈ Breadboard
អាណូតៈ Anode
កាតូតៈ Cathode
វិជ្ជមាន: Positive
អវិជ្ជមានៈ Negative
ប៉ូលៈ Polarity
ទន្លាក់តង់ស្យុងទិសស្រប: Forward voltage drop
ច្បាប់អូមៈ Ohm's law
តង់ស្យុងទិសស្រប: Forward voltage
គំនូសតាង/ ប្លង់ /សេម៉ាៈ Schematic
សៀគ្វីៈ Circuit
សៀគ្វីតជាខ្នែងៈ Parallel Circuits
ប្រដាប់ភ្ជាប់ថ្មពិលៈ Battery holder
ត្រង់ស៊ីស្ទ័រៈ Transistor
រេស៊ីស្តង់ពន្លឺៈ LDR (Light Dependent Resistor) រឺ Photoresistor
ភ្លើង LED ឆ្លើយតបនឹងពន្លឺ (Light-Activated LED)
ជំរាបសួរអ្នកសិក្សាអេឡិចត្រូនិកទាំងអស់គ្នា!
សូមស្វាគមន៍មកកាន់សៀគ្វីទីបី យើងបានចាប់ផ្ដើមពីការធ្វើឱ្យ LED មួយភ្លឺ ហើយបន្តទៅការភ្ជាប់ LED ច្រើនគ្រាប់។ ឥឡូវនេះ ដល់ពេលដែលយើងត្រូវបោះជំហានទៅមុខមួយទៀតហើយ។
ថ្ងៃនេះ យើងនឹងបង្កើត ភ្លើង LED ឆ្លើយតបនឹងពន្លឺ (Light-Activated LED)។ គម្រោងនេះ នឹងណែនាំអ្នកឱ្យស្គាល់នូវគ្រឿងបរិក្ខាអេឡិចត្រូនិកថ្មីដ៏គួរឱ្យចាប់អារម្មណ៍ពីរ៖ ទីមួយគឺ LDR (Light Dependent Resistor) ដែលជាឧបករណ៍ចាប់សញ្ញាពន្លឺ ហើយទីពីរគឺ ត្រង់ស៊ីស្ទ័រ (Transistor) ដែលដើរតួជាកុងតាក់អេឡិចត្រូនិចដ៏ឆ្លាតវៃ។
អ្នកនឹងរៀនពីរបៀបដែលសៀគ្វីរបស់យើងអាច "ចាប់សញ្ញា" ពន្លឺជុំវិញ ហើយសម្រេចចិត្តថាត្រូវបើក ឬបិទ LED ដោយខ្លួនឯង។ នេះជាមូលដ្ឋានគ្រឹះដ៏សំខាន់មួយសម្រាប់បង្កើតប្រព័ន្ធស្វ័យប្រវត្តិកម្មសាមញ្ញៗ ដូចជាភ្លើងបំភ្លឺផ្លូវដែលបើកនៅពេលយប់ជាដើម។
តោះ! ចាប់ផ្តើមសិក្សា និងអនុវត្តទាំងអស់គ្នា ដើម្បីមើលពីរបៀបដែលពន្លឺអាចគ្រប់គ្រងអគ្គិសនីបាន!
ស្វែងយល់ពីរបៀបដែល LDR (Light Dependent Resistor) ដំណើរការ និងរបៀបដែលរេស៊ីស្តង់របស់វាប្រែប្រួលទៅតាមពន្លឺ។
រៀនពីរបៀបប្រើប្រាស់ LDR ដើម្បីចាប់សញ្ញាពន្លឺ និងគ្រប់គ្រង LED។
បែងចែកតង់ស្យុង (Voltage Divider) ដោយប្រើ LDR និងរេស៊ីស្តង់។
របៀបប្រើប្រាស់ត្រង់ស៊ីស្ទ័រ ធ្វើជាកុងតាក់។
តម្លើងសៀគ្វីដែលឆ្លើយតបទៅនឹងការផ្លាស់ប្ដូរពន្លឺដោយស្វ័យប្រវត្តិ។
មុននឹងចាប់ផ្តើម សូមប្រាកដថាអ្នកមានសម្ភារៈ និងគ្រឿងបរិក្ខាអេឡិចត្រូនិកដូចខាងក្រោមនេះ៖
ត្រង់ស៊ីស្ទ័រ BC547: 1 គ្រាប់
អំពូល LED (Light Emitting Diode): 1 គ្រាប់ (ពណ៌ណាក៏បាន)
ចំណាំ: ជើងវែងគឺវិជ្ជមាន (អាណូត +) ហើយជើងខ្លីគឺអវិជ្ជមាន (កាតូត -)។
រេស៊ីស្តង់ (Resistor):
330 Ohm: ១ គ្រាប់ (សម្រាប់ការពារ LED)
10k Ohm: ១ គ្រាប់ (សម្រាប់ប្រើជាមួយ LDR ជា សៀគ្វីបែងចែកតង់ស្យុង)
LDR (Light Dependent Resistor / Photoresistor): 1 គ្រាប់
ចំណាំ: LDR គឺជាគ្រឿងបរិក្ខាដែលតម្លៃរេស៊ីស្តង់ (Resistance) របស់វាប្រែប្រួលទៅតាមបរិមាណពន្លឺដែលវាទទួលបាន។ ពេលមានពន្លឺភ្លឺ តម្លៃរេស៊ីស្តង់របស់វា ទាប។ ពេលងងឹត តម្លៃរេស៊ីស្តង់របស់វា ខ្ពស់។ LDR មិនមានប៉ូលទេ ដូច្នេះអ្នកអាចភ្ជាប់វាបានទាំងសងខាង។
ថ្មពិល (Battery): 9V មួយគ្រាប់
ប្រដាប់ភ្ជាប់ថ្មពិល (Battery Clip/Connector): ១ (សម្រាប់ថ្ម 9V)
បន្ទះសៀគ្វីពិសោធន៍ (Breadboard): ១ គ្រាប់
ខ្សែភ្លើងតូចៗសម្រាប់ភ្ជាប់ (Jumper Wires): ៥-៦ ខ្សែ
គំនូសតាងនៃសៀគ្វីភ្លើង LED ឆ្លើយតបនឹងពន្លឺ
សៀគ្វីភ្លើង LED ឆ្លើយតបនឹងពន្លឺ (ប្រើបន្ទះតសៀគ្វី)
សៀគ្វីភ្លើង LED ឆ្លើយតបនឹងពន្លឺ
សូមធ្វើតាមជំហានទាំងនេះដោយប្រុងប្រយ័ត្ន៖
ភ្ជាប់ជើងវិជ្ជមាន (+) របស់ LED ទៅនឹងរេស៊ីស្តង់ 330 Ohm រួចភ្ជាប់ទៅនឹងប៉ូលវិជ្ជមាន (+) របស់ថ្មពិល។
ភ្ជាប់ជើងអវិជ្ជមាន (-) របស់ LED ទៅនឹងជើង Collector (ជើងកណ្តាល) របស់ត្រង់ស៊ីស្ទ័រ។
ភ្ជាប់ជើង Emitter (ជើងម្ខាងទៀត) របស់ត្រង់ស៊ីស្ទ័រទៅនឹងប៉ូលអវិជ្ជមាន (-) របស់ថ្មពិល។
ភ្ជាប់រេស៊ីស្តង់ 10k Ohm មួយចំហៀងទៅនឹងជើង Base (ជើងម្ខាង) របស់ត្រង់ស៊ីស្ទ័រ និងចុងម្ខាងទៀតទៅនឹងប៉ូលអវិជ្ជមាន (-) របស់ថ្មពិល។
ភ្ជាប់ LDR មួយចំហៀងទៅនឹងជើង Base របស់ត្រង់ស៊ីស្ទ័រ និងចុងម្ខាងទៀតទៅនឹងប៉ូលវិជ្ជមាន (+) របស់ថ្មពិល។
សាកល្បងៈ
ភ្ជាប់ប្រដាប់ភ្ជាប់ថ្មពិលទៅនឹងថ្ម 9V។
ឥឡូវនេះ សូម បិទបាំង LDR ឲ្យងងឹត (ឧទាហរណ៍ ដោយប្រើដៃរបស់អ្នក)។ អ្នកគួរតែឃើញថាអំពូល LED រលត់ ។
នៅពេលអ្នក យកដៃចេញ ហើយទុកឲ្យ LDR ទទួលបានពន្លឺ (រឺបំភ្លឺវាដោយពិលទូរស័ព្ទ) អំពូល LED គួរតែ ភ្លឺ វិញ។
សាកល្បងបំភ្លឺ LDR ដោយភ្លើងពិល ឬដាក់វានៅក្នុងបន្ទប់ងងឹត។
តើមានអ្វីកើតឡើងនៅក្នុងសៀគ្វីនេះ?
១. LDR និងតម្លៃរេស៊ីស្តង់របស់វា៖
នៅពេលមានពន្លឺ (Light): LDR មានតម្លៃរេស៊ីស្តង់ ទាប (អនុញ្ញាតឲ្យចរន្តហូរងាយ)។
នៅពេលងងឹត (Dark): LDR មានតម្លៃរេស៊ីស្តង់ ខ្ពស់ (រារាំងចរន្តមិនឲ្យហូរ)។
២. សៀគ្វីបែកចែកតង់ស្យុង (Voltage Divider)៖
សៀគ្វីដែលផ្សំពី LDR និង រេស៊ីស្តង់ 10k Ohm ត្រូវបានគេហៅថា សៀគ្វីបែកចែកតង់ស្យុង។ វ៉ុលនៅចំណុចកណ្តាលរវាង LDR និងរេស៊ីស្តង់ 10k Ohm នឹងប្រែប្រួលទៅតាមតម្លៃរេស៊ីស្តង់របស់ LDR។
៣. ត្រង់ស៊ីស្ទ័រ BC547
យើងប្រើ ត្រង់ស៊ីស្ទ័រ ជាកុងតាក់អេឡិចត្រូនិច។ ចរន្តតិចតួចដែលហូរចូលទៅកាន់ Base របស់ត្រង់ស៊ីស្ទ័រ អាចបញ្ជាឱ្យត្រង់ស៊ីស្ទ័រដំណើរការ (ON: បើក /ភ្ជាប់) ឬមិនដំណើរការ (OFF: បិទ /ផ្តាច់)។
នៅក្នុងសៀគ្វីនេះ នៅពេលដែល LDR ត្រូវបានបិទបាំង (ងងឹត) តម្លៃរេស៊ីស្តង់របស់វាកើនឡើង ធ្វើឱ្យចរន្តហូរទៅកាន់ Base របស់ត្រង់ស៊ីស្ទ័រមានតិចតួច ដែលបណ្តាលឱ្យត្រង់ស៊ីស្ទ័រ OFF ហើយ LED មិនភ្លឺ។
នៅពេលដែល LDR ទទួលបានពន្លឺ តម្លៃរេស៊ីស្តង់របស់វាថយចុះ អនុញ្ញាតឱ្យចរន្តហូរទៅកាន់ Base របស់ត្រង់ស៊ីស្ទ័រគ្រប់គ្រាន់ ធ្វើឱ្យ ត្រង់ស៊ីស្ទ័រ ON ហើយ LED ភ្លឺ។
៤. រេស៊ីស្តង់ 330 Ohm៖ នៅតែមានតួនាទីការពារ LED កុំអោយឆេះខូច ដោយធ្វើការកំណត់បរិមាណចរន្តអគ្គិសនីដែលហូរឆ្លងកាត់ LED ឲ្យនៅត្រឹមកម្រិតសុវត្ថិភាព។
រៀបរៀងដោយ: ថេត យ៉ាទិត្យ
គ្រូបង្រៀនអេឡិចត្រូនិក (Electronics Instructor)
រក្សាសិទ្ធិដោយៈ បាត់ដំបងបច្ចេកវិទ្យាវិទ្យាអេឡិចត្រូនិក
ចុះផ្សាយ: បាត់ដំបង, ១៨.០៧.២០២៥
បន្ទាប់ពីទស្សានាអត្តបទ មេរៀន រឺគម្រោងខាងលើនេះរួច សូមបញ្ជាក់ពីៈ ការពេញចិត្តរបស់អ្នក ដោយចុចលើសញ្ញា❤️ និង👍 និងផ្តល់ជាមតិយោបល់ ដើម្បីការអភិវឌ្ឍ។ សូមអរគុណ 🙏🙂